Thursday, February 5, 2015

Bhalakor Chut Kromhun M C Senter Neam Tov Thai Tha Bok Bras


    អាណាព្យាបាល និង​ពលករ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាម​រយៈ​មជ្ឈមណ្ឌល អឹម.ស៊ី សេនធឺ (MC Center) កំពុង​ស្វែងរក​អ្នក​ប្រឹក្សា​ផ្លូវ​ច្បាប់ ដើម្បី​ប្ដឹង​ក្រុមហ៊ុន​នេះ​ពី​បទ​ឆបោក និង​ទាមទារ​ឲ្យ​បញ្ជូន​ពលករ​ចំនួន​បី​នាក់​ត្រឡប់​មក​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ឆ្នាំង វិញ។ ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស គាំទ្រ​ចំពោះ​ការ​ប្ដឹង​ទារ​សំណង​របស់​គ្រួសារ​ពលករ។
អាណាព្យាបាល និង​ពលការិនី​ដែល​រត់​រួច​ពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ បាន​បង្ហាញ​ពី​ទុក្ខ​លំបាក និង​បញ្ហា​ជីវភាព​របស់​ខ្លួន​នៅ​ចំពោះ​មុខ​មន្ត្រី​សមាគម​អាដហុក (Adhoc) នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។ ពួក​គាត់​អះអាង​ថា បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​ចង​ការ​ប្រាក់​ឯកជន​ជាច្រើន​លាន​រៀល យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​នេះ ដើម្បី​មាន​ឱកាស​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ផ្នែក​អេឡិចត្រូនិក។
ពលការិនី​ម្នាក់​រស់នៅ​ភូមិ​កំពង់បាចិន ឃុំ​ពោធិ៍ ស្រុក​កំពង់លែង អ្នកស្រី ជា សុជាតិ មាន​ប្រសាសន៍​ថា អ្នកស្រី និង​ប្ដី ព្រម​ទាំង​អ្នក​ភូមិ​ចំនួន​បី​នាក់​ទៀត ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ក្នុង​រោងចក្រ​ដេរ​ការ៉ុង​ក្នុង​មួយ​ថ្ងៃ ១១​ម៉ោង ហើយ​ទទួល​បាន​ប្រាក់​តែ ៨០​បាត ស្មើ​នឹង​ប្រហែល ៨​ពាន់​រៀល​ក្នុង ១​ថ្ងៃ។ ខុស​ពី​ក្ដី​សង្ឃឹម និង​ការ​សន្យា​របស់​ក្រុមហ៊ុន អឹម.ស៊ី សេនធឺ ដែល​ថា​ពលករ​ម្នាក់​នឹង​ទទួល​បាន​ប្រាក់ ៣០០​បាត​សម្រាប់​ធ្វើ​ការ ៨​ម៉ោង​ក្នុង​១​ថ្ងៃ​នៅ​រោងចក្រ​អេឡិចត្រូនិក អ្នកស្រី​ថា រូប​គាត់ និង​ប្ដី​បាន​រត់​គេច​ពី​ការងារ បន្ទាប់​ពី​ធ្វើ​បាន ៦​ថ្ងៃ គឺ​ចាប់​ពី​ពេល​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៥៖ «ខ្ញុំ​ថា​ពេល​មក​ដល់​ស្រុក​ខ្មែរ​ជួយ​ប្ដឹង​ទៅ​ក្រសួង​ការងារ ជួយ​យក​ពួក​គាត់​មក​វិញ។ ឥឡូវ​ប្ដឹង​តាម​សមាគម​អាដហុក សង្ឃឹម​ថា​គាត់​អាច​ជួយ​ពួក​ខ្ញុំ​បាន ហើយ​បាន​សំណង​ខ្លះ​គ្រាន់​យក​ទៅ​សង​គេ»
ចំណែក អ្នកស្រី ម៉ប់ ញ៉ែប ថ្លែង​ថា គ្រួសារ​គាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា (Acleda Bank) មីក្រូហិរញ្ញវត្ថុ​អម្រឹត (Amret) និង​ចង​ការ​ប្រាក់​អ្នក​ស្រុក​បាន​ប្រាក់​សរុប ៥​លាន ៥០​ម៉ឺន​រៀល​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន ដើម្បី​ឲ្យ​កូនស្រី​ម្នាក់ និង​កូនប្រុស​ពីរ​នាក់ បាន​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ទឹក​ដី​ថៃ ប៉ុន្តែ​ត្រូវ​ភាគី​ក្រុមហ៊ុន​បោកប្រាស់ និង​កំពុង​រង​ទុក្ខ​វេទនា​នៅ​ទឹក​ដី​ថៃ ហើយ​ប្រាក់​ក៏​ជំពាក់​គេ ធ្វើ​ឲ្យ​ជីវភាព​គាត់​កាន់​តែ​ដុនដាប​ខ្លាំង។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ត្រួត​ពិនិត្យ​ជា​បន្ទាន់ និង​បិទ​ទ្វារ​ក្រុមហ៊ុន​ណា​ដែល​មិន​ទទួល​ខុស​ត្រូវ​លើ​ពលករ ដែល​ខ្លួន​បញ្ជូន​ចេញ​ឲ្យ​ទៅ​ធ្វើ​ការងារ​ក្រៅ​ប្រទេស។ លោក​ថា សមាគម​លោក​នឹង​ជួយ​រៀបចំ​ពាក្យ​បណ្ដឹង​នេះ​ទៅ​មន្ទីរ​ការងារ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី៖ «អ្វី​ដែល​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ នេះ គឺ​គេ​មិន​បាន​ប្ដូរ​អាកប្បកិរិយា​របស់​គេ ដែល​គេ​ធ្លាប់​ធ្វើ​ទៅ​លើ​ពលករ​ដែល​គេ​នៅ​ទៅ​ប្រទេស​ម៉ាឡេស៊ី កន្លង​មក​នោះ​ទេ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អឹម.ស៊ី សេនធឺ និង​ជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ជ្រើស​រើស​ពលករ កញ្ញា តាក់ វ៉ាន់ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពលករ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ទាំង​បី​ខ្សែ​របស់​កញ្ញា​មិន​អាច​ទាក់ទង​បាន។
មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ការងារ តែង​តែ​រិះគន់​រដ្ឋាភិបាល​ចំពោះ​ភាព​ឆក់​ល្វែង និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ចំពោះ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ដែល​កន្លង​ទៅ​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​ពលករ​ខ្មែរ ជាពិសេស​អ្នក​ស្រុក​ស្រែ​ចម្ការ​ខ្វះ​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ការងារ៕

 source, raf  news

No comments:
Write comments