Thursday, February 5, 2015

Ter Yornhoh TranasAsiaDal Thleak Mean Domlai Bunman

បរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways ដែលបានជួបឧប្បទ្ទវហេតុ ធ្លាក់ចូលទៅក្នុងទឹកទន្លេ នាទីក្រុងតៃប៉ិ នៅវេលា ម៉ោង ១០៖៥៦ នាទីព្រឹក ហើយបានបណ្ដាលឲ្យមនុស្សចំនួន ៣១នាក់ស្លាប់ និង១៥នាក់រងរបួស ខណៈ ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននោះ ជាប្រភេទយន្តហោះ ATR 72-600។ យន្តហោះ ATR 72-600 នេះ ត្រូវបានបំផ្លែងចេញជាបន្តបន្ទាប់ពីយន្តហោះប្រភេទ ATR 72 ដំបូងគេដែលចាប់ផ្តើម ប្រតិបត្តិការហោះហើរចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៨៨មក។
យន្តហោះ ATR 72–600 ត្រូវបង្កើតទ្បើងដោយក្រុមហ៊ុនផលិតយន្តហោះ ATR (Aerei da Trasporto Regionale or Avions de transport régional) របស់ប្រទេស បារាំង សហការជាមួយនឹងប្រទេស អ៊ីតាលី ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិ Toulouse Blagnac ប្រទេសបារាំង។ យន្តហោះ ATR 72–600 បានហោះហើរជាលើដំបូងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៩ ហើយត្រូវបានលក់ចេញចែកចាយនៅឆ្នាំ២០១០។
យន្តហោះ ATR 72–600 មានប្រវែងស្លាបសងខាងចំនួន ២៧ ម៉ែត្រ ប្រភេទម៉ាស៊ីន Pratt & whitney canada pw100 និងបណ្ដោយប្រវែង ២៧.២ ម៉ែត្រ កម្ពស់ចំនួន ៧.៦ ម៉ែត្រ មានកៅអីអង្គុយចំនួន ៧២ និងអាចហោះហើរបានក្នុងចម្ងាយ ១.៦៥០ គីទ្បូម៉ែត្រ ព្រមទាំងមានទម្ងន់ចំនួន ១៣.០១០ គីទ្បូក្រាម អាចហោះហើរបានក្នុងទម្ងន់អតិបរមា ២២.៨០០ គីទ្បូក្រាម ផ្ទុកអ្នកដំណើរបាន ៦៨នាក់ និង អ្នកបើកបរ២នាក់
អាចផ្ទុកប្រេងឥន្ធនៈបានចំនួន ៥០០០ គីទ្បូក្រាម មានល្បឿនចំនួន ៥០៩ គីទ្បូម៉ែត្រក្នុងមួយម៉ោង និង ហោះហើរបានក្នុងកម្ពស់ ១.៥២៨ គីទ្បូម៉ែត្រ។ ចំពោះតម្លៃវិញ យន្តហោះប្រភេទ ATR 72-600 នេះមានតម្លៃចន្លោះពី ១៦.៥លានដុល្លារ ដល់ ២០លានដុល្លារអាម៉េរិក។
សូមជម្រាបថា ប្រភេទយន្តហោះ ATR 72 ក៏កំពុងដំណើរការហោះហើរក្នុងស្រុក នៅកម្ពុជាផងដែរ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ពីភ្នំពេញទៅខេត្តសៀមរាប។
ប្រវត្តិគ្រោះថ្នាក់ធ្ងន់ធរ របស់ត្រកូល យន្តហោះ ATR 72
១- ថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩៩៤ យន្តហោះ ATR72-212 របស់ក្រុមហ៊ុនអាកាសចរណ៍ American Eagle Flight 4184 បានធ្លាក់នៅតំបន់ Roselawn រដ្ឋ Indiawn សហរដ្ឋអាម៉េរិក បានស្លាប់មនុស្ស ៦៨នាក់។
២-ថ្ងៃទី៣០ ខែមករា ឆ្នាំ ១៩៩៥ យន្តហោះ ATR72-200 របស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia ហោះពី Penghu ទៅ Taipei បណ្តាលឲ្យសហសេវិក ៤នាក់ស្លាប់។
៣-ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០២ យន្តហោះ ATR72-200 សម្រាប់ដឹកទំនិញ របស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia ពីតៃប៉ិ ទៅម៉ាកាវ បានធ្លាក់ ស្លាប់អ្នកបើកបរ២នាក់។
៤-ថ្ងៃទី៦ ខែសីហា ឆ្នាំ២០០៥ យន្តហោះ ATR 72-202 របស់ក្រុមហ៊ុន Tuninter Flight 1153 ហោះពីទីក្រុង Bari ប្រទេសអ៊ីតាលី ទៅក្រុង Djerber ប្រទេសទុយនេស៊ី បានធ្លាក់ក្នុងសមុទ្រ Mediterranean ចម្ងាយ២៩គីឡូម៉ែត្រពីទីក្រុង Palermo បណ្តាល ១៦នាក់ ក្នុងចំណោម ៣៩នាក់បានស្លាប់។
៥-ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៨ យន្តហោះ ATR72-500 របស់ក្រុមហ៊ុន Air Dolomiti ហោះពីក្រុង Munich ប្រទេសអាល្លឺម៉ង់ ទៅទីក្រុង Bologna ប្រទេសអ៊ីតាលី បានជួបគ្រោះអគ្គិភ័យ ធ្វើឲ្យអ្នកដំណើរទាំង៦០នាក់ បានលោតចេញ និងជម្លៀសចេញពីយន្តហោះបណ្តាលមកពីអគ្គិភ័យ។
៦-ថ្ងៃទី០៤ ខែសីហាឆ្នាំ ២០០៩ យន្តហោះ ATR72-212A របស់ក្រុមហ៊ុន  Bangkok Airways Flight 266 បានធ្លាក់ផ្លូវទៅប៉ះនឹងអគារ ពេលចុះចតនៅព្រលានយន្តហោះ Koh Samui បណ្តាលអ្នកបើកយន្តហោះស្លាប់ និងអ្នកដំណើរ១០នាក់រងរបួស។
៧-ថ្ងៃទី៤ ខែវិច្ឆិកា ២០១០ យន្តហោះ  ATR 72–212 របស់ក្រុមហ៊ុន Aero Caribbean Flight 883 ជើងហោះហើរពីក្រុង Santiago de Cuba ទៅក្រុង Havana ប្រទេសអេស្ប៉ាញ បានធ្លាក់ បណ្តាលឲ្យមនុស្ស ៦៨នាក់ស្លាប់។
៨-ថ្ងៃទី២ ខែ មេសា ២០១២ យន្តហោះ ATR 72–201 របស់ក្រុមហ៊ុនUTair Flight 120 បានធ្លាក់ បន្ទាប់ពីហៅហើរបានបន្តិចពីព្រលានយន្តហោះ Roshchino International Airport ភាគខាងជើងប្រទេស Siberia បណ្តាលឲ្យមនុស្ស ៣៣នាក់ក្នុងចំណោម ៤៣នាកស្លាប់ រួមទំាងអ្នកបំរើការងារលើយន្តហោះផងដែរ។
៩-ថ្ងៃទី២ ខែកុម្ភៈ ២០១២ យន្តហោះ ATR 72–201A របស់ក្រុមហ៊ុន Carpatair បានជួយគ្រោះថ្នាក់ពេលចុះចតនៅព្រលានយន្តហោះ Leonardo da Vinci–Fiumicino Airport ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បណ្តាលឲ្យមនុស្ស ១៦នាក់រងរបួស ខណៈ២នាក់របួសធ្ងន់រួមទាំងអ្នកបើកបរយន្តហោះផងដែរ។
១០-ថ្ងៃទី១៦ ខែតុលា ២០១៣ យន្តហោះ ATR 72–600 របស់ក្រុមហ៊ុន  Lao Airlines Flight 301 បានធ្លាក់ក្នុងទន្លេមេគង្គ បណ្តាលឲ្យមនុស្ស ៤៩នាក់បានស្លាប់។
១១- យន្តហោះ ATR 72-500 របស់ក្រុមហ៊ុន TransAsia Airways ដឹកអ្នកដំណើរ ៥៤នាក់ និងអ្នកបើកបរ ៤នាក់ បានធ្លាក់ក្នុងជើងហោះហើរពីទីក្រុង Kaohsiung ទៅកាន់ Magong ដោយបានធ្លាក់ក្បែរ អាកាសយានដ្ឋាន Magong Airport បណ្ដាលឲ្យមនុស្ស ៤៧នាក់ស្លាប់ និង៧នាក់រងរបួស ហើយមូលហេតុនៃ ការធ្លាក់ត្រូវបានគេ រាយការណ៍ថា បានប៉ះជាមួយនឹង ដំបូលអគារ។
១២- នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៥ TransAsia Airways Flight 235 ដឹកអ្នកដំណើរ ៥៣នាក់ រួមនឹងសហនាវី ៥នាក់ សរុប ៥៨នាក់ បានធ្លាក់ក្នុងទន្លេ Keelung ក្បែរទីក្រុងតៃប៉ិ កាលពីវេលាម៉ោង ១០៖៥៦នាទី ក្នុងនោះរបាយការណ៍ បឋមបានបញ្ជាក់ថា មនុស្ស ៣១នាក់បានស្លាប់ ១៥នាក់រងរបួស ខណៈ១២នាក់កំពុងបាត់ខ្លួន៕

 source, looking today

Phreah Song Mouy Ank Sukhut Brus Thleak Bi Ler Derm Om Bel


​​​​       កំពង់ឆ្នាំង ៖ ព្រះសង្ឃ​មួយ​អង្គ​បាន​សុគត​ភ្លាមៗ​បន្ទាប់ពី​ព្រះអង្គ​បាន​ឡើងលើ​ដើម​អំពិល​មួយ​ដើម​កំពស់​ជាង​១០​ម៉ែត្រ​បេះ​យក​ផ្លែ​បាន​ធ្លាក់​មក​ដី។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្នុង​វត្ត​បល្ល័ង្ក ក្នុងភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ។​
ញោម​ព្រះសង្ឃ​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​រងគ្រោះ​ព្រះនាម នូ ធីតា ព្រះ​ជន្ម​២៥​ព្រះ​វស្សា មាន​ស្រុកកំណើត​នៅ​ភូមិ​ទ​ព័​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ព្រះអង្គ​បួស​បាន​៤​វស្សា និង​បាន​គង់​រៀន​ធម៌​អារ​នៅក្នុង​វត្ត​បល្ល័ង្ក​នេះ។ ញោម​លោក​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា លោក​ធ្លាប់​មាន​ជំងឺ​ស្កន្ទ ពេល​ធ្វើ​ទុក្ខ​ម្តងៗ​តែងតែ​ប្រកាច់​ជាច្រើន​ម៉ោង ហើយ​ការ​ធ្លាក់​ពីលើ​ដើម​អំពិល​នេះ​សុគត ប្រហែល​ជា​ជំងឺ​ស្កន្ទ​ធ្វើទុក្ខ។​
ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ថ្ងៃ​កើតហេតុ​ក្នុង​វត្ត​មាន​ធ្វើ​ពិធីបុណ្យ ប្រហែលជា​លោក​ឃើញ​អ្នកស្រុក​មក​ធ្វើ​ម្ហូប​បុណ្យ​ខ្វះ​អំពិល ទើប​លោក​ឡើង​ដើម​អំពិល​កំពស់​ជា​១០​ម នៅក្នុង​វត្ត​បេះ​ផ្លែ​ឲ្យ​អ្នកភូមិ ហើយ​ចៃដន្យ​ក៏បាន​ធ្លាក់​ពី​ចុង​អំពិល​មក​ដី​សុគត​ភា្លមៗ​តែម្តង។​
ព្រះ​សព​ព្រះសង្ឃ​រងគ្រោះ​ ត្រូវ​បាន​ញោមញាតិ​របស់​លោក​តម្កល់​ក្នុង​វត្ត​បល្ល័ង្ក​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​សាសនា ក្រោម​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រួសារ​របស់​ព្រះអង្គ។ ជីវិត​សត្វ​លោក​គឺ​មិន​ទៀង​ឡើយ ​តែ​ទៀង​នឹង​ស្លាប់ គឺ​មិនអាច​គេច​ផុត​ពី​សេចក្តី​ស្លាប់​បាន​ឡើយ​ គ្រាន់តែ​មុន​និង​ក្រោយ​តែប៉ុណ្ណោះ៕


source, kapuchea thmey

Bhalakor Chut Kromhun M C Senter Neam Tov Thai Tha Bok Bras


    អាណាព្យាបាល និង​ពលករ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាម​រយៈ​មជ្ឈមណ្ឌល អឹម.ស៊ី សេនធឺ (MC Center) កំពុង​ស្វែងរក​អ្នក​ប្រឹក្សា​ផ្លូវ​ច្បាប់ ដើម្បី​ប្ដឹង​ក្រុមហ៊ុន​នេះ​ពី​បទ​ឆបោក និង​ទាមទារ​ឲ្យ​បញ្ជូន​ពលករ​ចំនួន​បី​នាក់​ត្រឡប់​មក​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ឆ្នាំង វិញ។ ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស គាំទ្រ​ចំពោះ​ការ​ប្ដឹង​ទារ​សំណង​របស់​គ្រួសារ​ពលករ។
អាណាព្យាបាល និង​ពលការិនី​ដែល​រត់​រួច​ពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ បាន​បង្ហាញ​ពី​ទុក្ខ​លំបាក និង​បញ្ហា​ជីវភាព​របស់​ខ្លួន​នៅ​ចំពោះ​មុខ​មន្ត្រី​សមាគម​អាដហុក (Adhoc) នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ។ ពួក​គាត់​អះអាង​ថា បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​ចង​ការ​ប្រាក់​ឯកជន​ជាច្រើន​លាន​រៀល យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​នេះ ដើម្បី​មាន​ឱកាស​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ផ្នែក​អេឡិចត្រូនិក។
ពលការិនី​ម្នាក់​រស់នៅ​ភូមិ​កំពង់បាចិន ឃុំ​ពោធិ៍ ស្រុក​កំពង់លែង អ្នកស្រី ជា សុជាតិ មាន​ប្រសាសន៍​ថា អ្នកស្រី និង​ប្ដី ព្រម​ទាំង​អ្នក​ភូមិ​ចំនួន​បី​នាក់​ទៀត ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ក្នុង​រោងចក្រ​ដេរ​ការ៉ុង​ក្នុង​មួយ​ថ្ងៃ ១១​ម៉ោង ហើយ​ទទួល​បាន​ប្រាក់​តែ ៨០​បាត ស្មើ​នឹង​ប្រហែល ៨​ពាន់​រៀល​ក្នុង ១​ថ្ងៃ។ ខុស​ពី​ក្ដី​សង្ឃឹម និង​ការ​សន្យា​របស់​ក្រុមហ៊ុន អឹម.ស៊ី សេនធឺ ដែល​ថា​ពលករ​ម្នាក់​នឹង​ទទួល​បាន​ប្រាក់ ៣០០​បាត​សម្រាប់​ធ្វើ​ការ ៨​ម៉ោង​ក្នុង​១​ថ្ងៃ​នៅ​រោងចក្រ​អេឡិចត្រូនិក អ្នកស្រី​ថា រូប​គាត់ និង​ប្ដី​បាន​រត់​គេច​ពី​ការងារ បន្ទាប់​ពី​ធ្វើ​បាន ៦​ថ្ងៃ គឺ​ចាប់​ពី​ពេល​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៥៖ «ខ្ញុំ​ថា​ពេល​មក​ដល់​ស្រុក​ខ្មែរ​ជួយ​ប្ដឹង​ទៅ​ក្រសួង​ការងារ ជួយ​យក​ពួក​គាត់​មក​វិញ។ ឥឡូវ​ប្ដឹង​តាម​សមាគម​អាដហុក សង្ឃឹម​ថា​គាត់​អាច​ជួយ​ពួក​ខ្ញុំ​បាន ហើយ​បាន​សំណង​ខ្លះ​គ្រាន់​យក​ទៅ​សង​គេ»
ចំណែក អ្នកស្រី ម៉ប់ ញ៉ែប ថ្លែង​ថា គ្រួសារ​គាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា (Acleda Bank) មីក្រូហិរញ្ញវត្ថុ​អម្រឹត (Amret) និង​ចង​ការ​ប្រាក់​អ្នក​ស្រុក​បាន​ប្រាក់​សរុប ៥​លាន ៥០​ម៉ឺន​រៀល​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន ដើម្បី​ឲ្យ​កូនស្រី​ម្នាក់ និង​កូនប្រុស​ពីរ​នាក់ បាន​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ទឹក​ដី​ថៃ ប៉ុន្តែ​ត្រូវ​ភាគី​ក្រុមហ៊ុន​បោកប្រាស់ និង​កំពុង​រង​ទុក្ខ​វេទនា​នៅ​ទឹក​ដី​ថៃ ហើយ​ប្រាក់​ក៏​ជំពាក់​គេ ធ្វើ​ឲ្យ​ជីវភាព​គាត់​កាន់​តែ​ដុនដាប​ខ្លាំង។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ត្រួត​ពិនិត្យ​ជា​បន្ទាន់ និង​បិទ​ទ្វារ​ក្រុមហ៊ុន​ណា​ដែល​មិន​ទទួល​ខុស​ត្រូវ​លើ​ពលករ ដែល​ខ្លួន​បញ្ជូន​ចេញ​ឲ្យ​ទៅ​ធ្វើ​ការងារ​ក្រៅ​ប្រទេស។ លោក​ថា សមាគម​លោក​នឹង​ជួយ​រៀបចំ​ពាក្យ​បណ្ដឹង​នេះ​ទៅ​មន្ទីរ​ការងារ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី៖ «អ្វី​ដែល​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ នេះ គឺ​គេ​មិន​បាន​ប្ដូរ​អាកប្បកិរិយា​របស់​គេ ដែល​គេ​ធ្លាប់​ធ្វើ​ទៅ​លើ​ពលករ​ដែល​គេ​នៅ​ទៅ​ប្រទេស​ម៉ាឡេស៊ី កន្លង​មក​នោះ​ទេ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អឹម.ស៊ី សេនធឺ និង​ជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ជ្រើស​រើស​ពលករ កញ្ញា តាក់ វ៉ាន់ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពលករ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ទាំង​បី​ខ្សែ​របស់​កញ្ញា​មិន​អាច​ទាក់ទង​បាន។
មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ការងារ តែង​តែ​រិះគន់​រដ្ឋាភិបាល​ចំពោះ​ភាព​ឆក់​ល្វែង និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ចំពោះ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ដែល​កន្លង​ទៅ​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​ពលករ​ខ្មែរ ជាពិសេស​អ្នក​ស្រុក​ស្រែ​ចម្ការ​ខ្វះ​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ការងារ៕

 source, raf  news